តើ​ការ​ជំនុំ​ជម្រះ​លើ​អង្គហេតុ និង​អង្គ​ច្បាប់​ធ្វើ​ឡើង​ពេល​ណា?

តាម​ច្បាប់​ក្នុង​ប្រព័ន្ធ​តុលាការ​នៅក្នុង​សំណុំ​រឿង​មួយ​ត្រូវ​ចែកចេញ​ជា​ពីរ​គឺ​អង្គហេតុ​ និង​អង្គ​ច្បាប់​។​ ប៉ុន្តែ​ជា​នីតិវិធី​​ក្នុង​ការ​ជំនុំជម្រះ​ពេល​ខ្លះ​តុលាការ​ជម្រះ​ទាំង​អង្គហេតុ​ និង​​អង្គ​ច្បាប់​តែ​ពេល​ខ្លះ​លើក​យក​តែ​អង្គ​ច្បាប់​មក​ជម្រះ​ប៉ុណ្ណោះ​។
​បើ​ដូច្នេះ​តើ​នៅ​តុលាការ​ថ្នាក់​ណា​ដែល​លើក​យក​ទាំង​អង្គហេតុ​ និង​អង្គ​ច្បាប់​មក​ជំនុំជម្រះ​​​ហើយ​នៅ​តុលាការ​ថ្នាក់​ណា​ជម្រះ​តែ​អង្គ​ច្បាប់?
ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីមហ្គេច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​លេខ ១៦R,ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖
នៅ​ក្នុង​​សំណុំ​រឿង​មួយ​តាម​ច្បាប់​តុលាការ​ តើ​ពាក្យ​ថា​អង្គ​ច្បាប់​​ និង​អង្គហេតុ​តើ​ខុស​គ្នា​​ដូចមេ្ដច​? ​សូម​លោក​មេធាវី​ពន្យល់​
ពាក្យ​ថា​អង្គហេតុ​បាន​​សេចក្តី​ថា​ហេតុការណ៍​​ទាំង​ឡាយ​ណា​​កើត​មាន​​ឡើង​​នៅ​ក្នុង​​សំណុំ​រឿង​ដែល​ជន​ជាប់ចោទ​គាត់​បាន​ប្រព្រឹត្ត​។​
ឧទាហរណ៍​ថា​រឿង​ឃាតកម្ម​មួយ​ដែល​គាត់​បាន​​សម្លាប់​គេ​ហើយ​ដល់​​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​ចៅក្រម​ត្រូវ​ឲ្យ​​ជនជាប់ចោទ​នោះ​រៀបរាប់​ពី​ដំណើរ​រឿង​នោះ​។ ​ចំពោះ​អង្គ​ច្បាប់​​វិញ​គឺ​ចៅក្រម​ក្រោយ​ពី​បាន​​ស្តាប់​អង្គហេតុ​ (ដំណើរ​រឿង) ​​ហើយ​វិនិច្ឆយ​ថា​តើ​ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ប៉ុន្មាន​ឆ្នាំ​។ ​
ចំពោះ​នៅ​តុលាការ​កំពូល​វិញ​គឺ​ចៅក្រម​លើក​តែ​អង្គ​ច្បាប់​មក​ជំនុំជម្រះ​ទេ​ក៏​ប៉ុន្តែ​នៅ​តុលាការ​កំពូល​គាត់​ក៏​អាច​សួរ​ជនជាប់ចោទ​​ឲ្យ​​រៀបរាប់​ពី​ដំណើរ​រឿង​ខ្លះ​ដែរ​ (​អង្គហេតុ​) ​ដើម្បី​ចៅក្រម​បាន​យល់​ និង​មាន​មូលដ្ឋាន​ពី​​ដើម​ហេតុ​នៃ​រឿង​ខ្លះ​ក្នុង​ការ​ពិចារណា​។
តើ​នៅ​សាលា​ដំបូង​ និង​សាលា​ឧទ្ធរណ៍​ជម្រះ​​ទាំង​អង្គ​ហេតុ​ និង​អង្គច្បាប់​ ឬ​​​​​​​ក៏​ជម្រះ​តែ​អង្គហេតុ​?
ការ​ជំនុំជម្រះ​​នៅ​សាលា​ដំបូង​ក៏​ដូចជា​នៅ​សាលា​ឧទ្ធរណ៍​ដែរ​គឺ​ជំនុំជម្រះ​ទាំង​អង្គហេតុ​ និង​អង្គ​ច្បាប់​ប៉ុន្តែ​គ្រាន់​តែ​នៅ​សាលា​ទាំង​​ពីរ​ថ្នាក់​នេះ​ពិនិត្យ​ទៅ​លើ​អង្គហេតុ​​ច្រើន​ជាង​អង្គច្បាប់​ដើម្បី​​ចៅក្រម​អាច​ស្រាវជ្រាវ​​រក​ភ័ស្តុតាង​សម្រាប់​ដាក់​បន្ទុក​ និង​ដោះ​បន្ទុក​លើ​ជន​ជាប់ចោទ​។​ ក៏​ប៉ុន្តែ​នៅ​តុលាការ​កំពូល​ជម្រះ​លើក​ទី​ ១ ​ដែល​មាន​សមាសភាព​ចៅក្រម​ ៥ ​រូប​ហើយ​ជម្រះ​តែ​អង្គច្បាប់​ទេ​។
តែ​បើ​ក្នុង​ករណី​មាន​សមាសភាព​ចៅក្រម​ ៩ ​រូប​គឺ​បាន​សេចក្តី​ថា​អង្គ​សវនាការ​នោះ​ជម្រះ​ទាំង​អង្គហេតុ​ផង និង​អង្គ​ច្បាប់​ផង។ ​ឧទាហរណ៍​មាន​ជន​ជាប់ចោទ​ម្នាក់​​បាន​រំលោភ​សេពសន្ថវៈ​លើ​ជន​ម្នាក់​ទៀត​ប៉ុន្តែ​តាម​ពិត​ទៅ​ជន​នោះ​មិន​បាន​ប្រព្រឹត្ត​ទេ​ហើយ​ពេល​សំណុំ​រឿង​មក​ដល់​តុលាការ​កំពូល​ពិនិត្យ​មើល​លើ​អង្គ​ច្បាប់​ទៅ​ឃើញ​ថា​ជន​ជាប់ចោទ​រូប​នោះ​មិន​បាន​ប្រព្រឹត្ត​ទេ​ដូច្នេះ​បើ​តុលាការ​កំពូល​ពិនិត្យ​ទៅ​លើ​អង្គ​ច្បាប់​ឃើញ​ថា​មិន​បង្ហាញ​​ពី​ការ​ប្រព្រឹត្ត​ទេ​នោះ​ដូច្នេះ​តុលាការ​កំពូល​ត្រូវ​បង្វិល​សំណុំ​រឿង​នោះ​ទៅ​សាលា​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​។
ប៉ុន្តែ​បើ​សាលា​ឧទ្ធរណ៍​នៅ​​តែ​ចោទ​ជន​នោះ​ថា​បាន​ប្រព្រឹត្ត​ហើយ​​ជន​ជាប់ចោទ​ប្តឹង​សារទុក្ខ​មក​តុលាការ​​កំពូល​ជា​លើក​ទី​ ២ ​ទៀត​ពេល​នោះ​តុលាការ​កំពូល​លោក​ជំនុំជម្រះ​ទាំង​អង្គហេតុ​ និង​អង្គ​ច្បាប់​ដែល​តុលាការ​កំពូល​អាច​លើក​លែង​ការ​ចោទប្រកាន់​ជន​នោះ​បាន​។
ឧទាហរណ៍​ជន​ម្នាក់​ត្រូវ​សាលា​ដំបូង​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​ ១០ ​ឆ្នាំ​តែ​ត្រូវ​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​កាត់​បន្ថយ​ទោស​ ឬ​តម្កល់​។ ​ប៉ុន្តែ​នៅ​តុលាការ​កំពូល​មិន​អាច​​បន្ថយ​ទោស​ដល់​ជន​នោះ​​បាន​ទេ​មាន​តែ​តម្កល់​ ឬ​បង្វិល​មក​សាលា​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​។​ សូម​លោក​​មេធាវី​ពន្យល់​ពី​ភាព​​ខុស​គ្នា​ក្នុង​ការ​សម្រេច​ក្តី​រវាង​សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​ផង​បាន​ទេ?
ករណី​នេះ​បើ​តុលាការ​កំពូល​ជំនុំ​ជម្រះ​លើក​ទី​ ១ ​ហើយ​តម្កល់​​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ ឬ​មាន​ការ​បង្វិល​សំណុំ​រឿង​ទៅ​សាលា​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​។ ​ប៉ុន្តែ​បើ​ជម្រះ​សំណុំ​រឿង​ដដែល​នេះ​លើក​ទី​ ២ ​គឺ​តុលាការ​កំពូល​លោក​ជម្រះ​ទាំង​អង្គហេតុ​ និង​អង្គ​ច្បាប់​ដូច​តុលាការ​ថ្នាក់​ក្រោម​ដែរ​ដែល​មាន​ចៅក្រម​ទាំងអស់​ ៩ ​រូប​ចូលរួម។
តុលាការ​កំពូល​តែងតែ​ប្រាប់​ជន​ជាប់ចោទ​ថា​វិនិច័្ឆយ​តែ​ទៅ​លើ​អង្គច្បាប់​មិន​វិនិច្ឆ័យ​លើ​អង្គហេតុ​ទេ​។ ​ចុះ​​បើ​ជម្រះ​តែ​អង្គច្បាប់​ហេតុ​អី​ចៅក្រម​ឲ្យ​ជន​ជាប់ចោទ​រៀបរាប់​ពី​អង្គហេតុ​​ដល់​តុលាការ​ដែរ?
ករណី​ដែល​ចៅក្រម​តម្រូវ​ឲ្យ​ជន​ជាប់ចោទ​រៀបរាប់​ពី​ដំណើរ​រឿង​ដូច្នេះ​ដោយសារ​ចៅក្រម​ចង់​បញ្ជាក់​ថា​អង្គហេតុ​ដែល​តុលាការ​ថ្នាក់​ក្រោម​ចោទប្រកាន់​លើ​ជន​ជាប់​ចោទ​នោះ​វា​ត្រឹម​ត្រូវ​ឬអត់​​? ​ប៉ុន្តែ​ជា​នីតិវិធី​នៅ​តុលាការ​កំពូល​ជំនុំ​ជម្រះ​តែ​ទៅ​លើ​អង្គច្បាប់​ទេ​តែ​​ចៅក្រម​​សួរ​​ជន​ជាប់ចោទ​ពី​​ដំណើរ​រឿង​ព្រោះ​​គាត់​ចង់​បាន​ជា​មូលដ្ឋាន​ខ្លះ​​ក្នុង​ការ​យក​ទៅ​​ពិចារណា​ប៉ុណ្ណោះ​។
រឿង​របស់​ជនជាប់ចោទ​ម្នាក់​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​​តម្កល់​ តើ​ជន​ជាប់ចោទ​អាច​ប្តឹង​ទៅ​ណា​ទៀត​បាន​ទេ​?
បើ​រឿង​របស់​ជនជាប់ចោទ​ម្នាក់​ត្រូវ​បាន​តុលាការ​កំពូល​តម្កល់​ទណ្ឌកម្ម​ទោស​គឺ​ជនជាប់ចោទ​អាច​ប្តឹង​សារទុក្ខ​នៅ​តុលាការ​កំពូល​ម្តង​ទៀត​នៅ​ពេល​ដែល​ជន​ជាប់​ចោទ​នោះ​មាន​ភ័ស្តុតាង​ថ្មី​មក​ធ្វើ​អំណះ​អំណាង​ដល់​តុលាការ​ដែល​ហៅ​ថា​បណ្តឹង​សើរើ​។ ​
ក្នុង​ករណី​ដូច​គ្នា​នេះ​ជន​ជាប់ចោទ​ក៏​ធ្វើ​បាន​ដូច​គ្នា​នៅ​សាលា​ដំបូង​ ឬ​នៅ​សាលា​ឧទ្ធរណ៍​ដែរ​ក្នុង​ករណី​មាន​សាលក្រម​ចូល​ជា​ស្ថាពរ​៕
លោក​មេធាវី ឡោ គីមហ្គេច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ។ សហការី

តើ​ការ​ជំនុំ​ជម្រះ​លើ​អង្គហេតុ និង​អង្គ​ច្បាប់​ធ្វើ​ឡើង​ពេល​ណា? តើ​ការ​ជំនុំ​ជម្រះ​លើ​អង្គហេតុ និង​អង្គ​ច្បាប់​ធ្វើ​ឡើង​ពេល​ណា? Reviewed by Unknown on 8:48:00 PM Rating: 5
Powered by Blogger.