តើ​អ្វី​ទៅ​ជា​បណ្តឹង​មោឃភាព​នីតិវិធី​?

តាម​ច្បាប់​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​មាន​បណ្តឹង​មួយ​ដែល​ច្បាប់​ហៅថា​បណ្តឹង​មោឃភាព​នីតិវិធី។ តើ​បណ្តឹង​នេះ​ធ្វើ​ឡើង​ដើម្បី​ផលប្រយោជន៍​អ្វី​ដល់​ជន​ត្រូវ​ចោទ​ឬ​ជន​ជាប់​ចោទ?
ដើម្បី​ស្វែង​យល់​ជុំវិញ​បណ្តឹង​មោឃភាព​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី​ ឡោគីមហ្គេច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៦R,ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖
តើ​មោឃភាព​នីតិវិធី​ធ្វើ​ដើម្បី​ប្រយោជន៍​អ្វី​ដល់​ជន​ជាប់ចោទ ឬ​ជន​ត្រូវ​ចោទ?
មោឃភាព​នីតិវិធី​ធ្វើ​ឡើង​ដើម្បី​ផលប្រយោជន៍​ដល់​ជន​ជាប់ចោទ ឬ​ជន​ត្រូវ​ចោទ​ដូច​ជា​ប្តឹង​មោឃភាព​នីតិវិធី។ ឧទាហរណ៍​ដូច​ជា​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ហើយ​ចៅក្រម​ស៊ើបសួរ​នោះ​លោក​បាន​អនុវត្ត​តាម​នីតិវិធី​ដូចជា​តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​អនុវត្ត​ឃុំ​ខ្លួន​បណ្តោះអាសន្ន ៦ ខែ​មុន​ត្រូវ​ឲ្យ​ឡើង​ជម្រះ។ ប៉ុន្តែ​ដល់​ពេល​នោះ​រឿង​ក្តី​ជន​ត្រូវ​ចោទ​មិន​បាន​រុញ​ទៅ​ចៅក្រម​ជម្រះ​ករណី​នេះ​ត្រូវ​គេ​ប្តឹង​ហើយ។
ឧទាហរណ៍​មួយ​ទៀត​ជា​រឿង​មជ្ឈិម​ដែល​សំណុំ​រឿង​នេះ​ចៅក្រម​លោក​ស៊ើបសួរ​ហើយ​ដល់​ពេល​បើក​សវនាការ​ជំនុំជម្រះ​មាន​វត្តមាន​ចៅក្រម​រូប​ដដែល​នោះ​ទៀត​អ៊ីចឹង​ចៅក្រម​នោះ​គេ​ហៅថា (វិសមត្ថភាព) ហើយ​បើ​ដូច្នេះ​មេធាវី​របស់​ជន​ត្រូវ​ចោទ​នោះ​គាត់​ប្តឹង​មោឃភាព​នីតិវិធី​ហើយ។ ព្រោះ​ថា​ជន​ត្រូវ​ចោទ ឬ​ជន​ជាប់ចោទ​ត្រូវ​ចៅក្រម​ឈ្មោះ (ក)​ ជា​ចៅក្រម​ស៊ើបអង្កេត​លុះ​ដល់​បើក​សវនាការ​ជំនុំជម្រះ​មាន​វត្តមាន​ចៅក្រម​ដដែល​នោះ​គឺ​បាន​ន័យ​ថា (វិសមត្ថភាព​វា​ខុស​ច្បាប់​ហើយ)។ ពោល​គឺ​អ្វី​ដែល​ចៅក្រម​អនុវត្ត​ទៅ​ខុស​ច្បាប់​គឺ​មេធាវី​ប្តឹង​មោឃភាព។
ឧទាហរណ៍​ទៀត​ថា​ចៅក្រម​ត្រូវ​ជា​បងប្អូន​នឹង​ដើម​បណ្តឹង​រដ្ឋប្បវេណី ឬ​មួយ​ជា​បងប្អូន​ជាមួយ​ជន​ត្រូវ​ចោទ ឬ​ចៅក្រម​នោះ​គាត់​ត្រូវរ៉ូវ​ជាមួយ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដោយ​ពួកគាត់​ត្រូវ​គេ​ឃើញ​អង្គុយ​ហូប​គុយទាវ​ជាមួយ​គ្នា។ បែប​នេះ​ក៏​គេ​អាច​ប្តឹង​មោឃភាព​នីតិវិធី​បាន​ដែរ។
ឧបមាថា​គ្រួសារ​ជន​ជាប់ចោទ​ជួល​មេធាវី​ម្នាក់​ហើយ​មេធាវី​នោះ​ទៅ​ត្រូវរ៉ូវ​ជាមួយ​ចៅក្រម​តើ​គេ​អាច​ប្តឹង​មោឃភាព​នីតិវិធី​បាន​ដែរ​ទេ?
រឿង​នេះ​គេ​ប្តឹង​បាន​ប៉ុន្តែ​គេ​មិនមែន​ហៅ​ថា​បណ្តឹង​មោឃភាព​ទេ​គេ​ហៅថា​បណ្តឹង​ដិត​ចិត្ត​ចៅក្រម។ បើ​ក្នុង​សំណុំ​រឿង​មួយ​លោក​ចៅក្រម​រូប​នោះ​គាត់​ដើរតួ​ជា​ចៅក្រម​ស៊ើប​ផង​ចៅក្រម​ជម្រះ​ផង​ហើយ​យើង​មិន​សុខចិត្ត​ហើយ​ប្តឹង​គឺ​គេ​ហៅថា​បណ្តឹង​មោឃភាព​បាន។
តើ​បណ្តឹង​មោឃភាព​នីតិវិធី​គេ​ប្តឹង​នៅ​ពេល​ណា? ហើយ​ក្រោយ​មាន​បណ្តឹង​មោឃភាព​នីតិវិធី​នេះ​តើ​មាន​កំណត់​រយៈពេល​ដែរ​ទេ?
បណ្តឹង​នេះ​គេ​ប្តឹង​បាន​នៅ​ពេល​ណា​ដែល​មេធាវី​រកឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​របស់​កូន​ក្តី​នៅក្នុង​តុលាការ។ ក្រោយ​ពី​តុលាការ​ទទួល​បណ្តឹង​មោឃភាព​នីតិវិធី​របស់​មេធាវី​ហើយ​គឺ​មិន​មាន​កំណត់​ថា​រយៈពេល​ប៉ុន្មាន​ខែ​ត្រូវ​ដំណើរការ​ជំនុំជម្រះ​ទេ​ប៉ុន្តែ​តុលាការ​នឹង​អនុវត្ត​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

លោក មេធាវី ឡោ គីមហ្គេច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ។ រូបថត សហការី
តើ​អ្វី​ទៅ​ជា​បណ្តឹង​មោឃភាព​នីតិវិធី​? តើ​អ្វី​ទៅ​ជា​បណ្តឹង​មោឃភាព​នីតិវិធី​? Reviewed by Unknown on 8:51:00 PM Rating: 5
Powered by Blogger.