តើ​សាលក្រម​ ឬ​សាលដីកា​ត្រូវ​អនុវត្ត​នៅ​ពេល​ណា?

តាម​ច្បាប់​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ជនជាប់ចោទ​ត្រូវ​បាន​កំណត់​ថា​មាន​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ទៅ​បាន​លុះ​ណា​តែ​គ្មាន​ការ​ប្ដឹង​ទាស់​រយៈពេល ១ ខែ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​ ឬ​សាលដីកា​នោះ។
ប៉ុន្តែ​ដើម្បី​រារាំង​សាលក្រម ឬ​សាលដីកា​នោះ​មិន​ឲ្យ​ចូល​ជា​ស្ថាពរ​បាន​តាម​នីតិវិធី​ច្បាប់​ជនជាប់ចោទ​ត្រូវ​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​បន្ត​ទៀត។ ចំពោះ​សាលក្រម ឬ​សាលដីកា​ដែល​បាន​ចូល​ជា​ស្ថាពរ​ហើយ​នោះ តើ​ជន​ជាប់ចោទ​អាច​ត្រូវ​ចាប់​ខ្លួន​ឬ​យ៉ាង​ណា?
ដើម្បី​ចង់​ដឹង​ថា​តើ​នីតិវិធី​ច្បាប់​យ៉ាង​ណា​នោះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​លោក​មេធាវី ទេព មុនីជាតិ ប្រធាន​ក្លិប​មេធាវី​ព្រះខ័ន​ទេព​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖
ឧបមាថា​ជន​ម្នាក់​ត្រូវ​បាន​តុលាការ​ដាក់​ទោស ៦ ខែ​ដោយ​កំបាំង​មុខ​សួរ​ថា​តើ​តុលាការ​អាច​ចេញ​ដីកា​ឃុំ​ខ្លួន​ឬ​ចាប់​ខ្លួន​ជន​នោះ​បាន​ទេ?
ករណី​ដែល​ថា​ជន​ម្នាក់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦ ខែ​សួរ​ថា​តើ​តុលាការ​អាច​ចាប់​ជន​នោះ​បាន​ឬ​ទេ? ជា​គោលការណ៍​ច្បាប់​ចែង​ថា​ប្រសិន​បើ​សាលក្រម ឬ​សាលដីកា​មិន​ទាន់​ចូល​ជា​ស្ថាពរ​ទេ​គឺ​តុលាការ​មិន​អាច​ចាប់​ជន​នោះ​ដាក់​ពន្ធនាគារ​បាន​ភ្លាមៗ​ទេ​ព្រោះ​តុលាការ​មិន​អាច​ចេញ​ដីកា​ចាប់​ខ្លួន​ជន​នោះ​មុន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​បាន​ឡើយ។ នេះ​ជា​ក្រម​នីតិវិធី​ដែល​បាន​ចែង​មក​ច្បាស់​អ៊ីចឹង។
និយាយ​រួម​បើ​ទោស​របស់​ជន​នោះ​នៅ​កម្រិត​ក្រោម​ ១ ឆ្នាំ​ហើយ​បើ​សាលក្រម ឬ​សាល​ដីកា​មិន​ទាន់​ចូល​ជា​ស្ថាពរ​ទេ​តុលាការ​គ្មាន​សិទ្ធិ​ចេញ​ដីកា​ភ្លាមៗ​ចាប់​មនុស្ស​នោះ​មក​ដាក់​ពន្ធនាគារ​មុន​ពេល​សាលក្រម ឬ​សាលដីកា​ចូល​ជា​ស្ថាពរ​បាន​ទេ។ តែ​បើ​សាលក្រម ឬ​សាលដីកា​ចូល​ជា​ស្ថាពរ​ហើយ​គឺ​តុលាការ​អាច​ចេញ​ដីកា​ចាប់​ជន​នោះ​តាម​អំណាច​របស់​សាលក្រម ឬ​សាលដីកា​ស្ថាពរ​នោះ​បាន។
សាលក្រម ឬ​សាលដីកា​ស្ថាពរ​នេះ​បើ​គិត​ពី​ថ្ងៃ​ប្រកាស​មក​តើ​កំណត់​រយៈពេល​ប៉ុន្មាន​ដែរ​ទើប​ផុត​ការ​ប្ដឹង?
តាម​នីតិវិធី​បើ​សាលក្រម​ ឬ​សាលដីកា​នោះ​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​គឺ​គេ​គិត​ចាប់​ពី​ថ្ងៃ​ប្រកាស ឬ​ពេល​ជូន​ដំណឹង​ទៅ។ ដូចជា​ជូន​ដំណឹង​ផ្ទាល់​មាត់​ជូន​ដំណឹង​តាមរយៈ​សារព័ត៌មាន ឬ ជូន​ដំណឹង​ទៅ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​តាម​នីតិវិធី​ច្បាប់។ ប៉ុន្តែ​ក្រោយ​ពី​ជូន​ដំណឹង ១ ​ខែ​ហើយ​បើ​ជន​នោះ​មិន​បាន​ប្តឹង​ទាស់​ទេ​គឺ​សាលក្រម ឬ​សាលដីកា​នោះ​ចូល​ជា​ស្ថាពរ​ហើយ។ បើ​សិន​ការ​កាត់​ទោស​នៅ​ចំពោះ​មុខ​វិញ​ហើយ​ជន​នោះ​ទុក​មិន​ប្តឹង​ឧទ្ធរណ៍​រហូត​ដល់ ១ ខែ​គឺ​ចូល​ជា​ស្ថាពរ​ហើយ។
ចុះ​បើ​សាលក្រម​របស់​ជន​នោះ​ចូល​ជា​ស្ថាពរ​ហើយ​តើ​តុលាការ​អាច​ចេញ​ដីកា​ចាប់​ខ្លួន​ជន​នោះ​បាន​ទេ?
ការ​ចេញ​ដីកា​ចាប់​ខ្លួន​ជន​នោះ​ទោះបី​ជាប់​ទោស ១ ខែ ឬ ២ ខែ​ក៏ដោយ​ជន​នោះ​ត្រូវ​តែ​ទទួល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​សិន។
តាម​នីតិវិធី​ច្បាប់ តើ​សាលក្រម​ ឬ​សាលដីកា​ចូល​ជា​ស្ថាពរ​ប៉ុន្មាន​ខែ​ទើប​តុលាការ​អាច​បង្គាប់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​នោះ​បាន?
ចំពោះ​សំណួរ​សួរ​ថា​សាលក្រម ឬ​សាលដីកា​មាន​អំណាច​ចាប់​ខ្លួន​ជន​នោះ​បាន​នៅ​ពេល​ណា​នោះ​ខ្ញុំ​សូម​ជម្រាប​ថា​ក្រោយ​ពី​សាលក្រម​ចូល​ជា​ស្ថាពរ​បាន​តែ ១ ថ្ងៃ​គឺ​មាន​អំណាច​ហើយ។ តែ​ក៏​អាស្រ័យ​ទៅ​លើ​ចៅក្រម​ផង​ដែរ​ថា​តើ​គាត់​ចេញ​ដីកា​ភ្លាម​ ឬ​មិន​ចេញ​ភ្លាម​ទេ​ពោល​គឺ​ក្រោយ​តែ ១ ថ្ងៃ​ ឬ​ ២ ថ្ងៃ​បើ​តាម​ច្បាប់​គឺ​អាច​ចេញ​ដីកា​ចាប់​ខ្លួន​បាន​ហើយ។
ក្នុង​អំឡុង​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ​ចុះ​បើ​មេធាវី​ការពារ​សិទ្ធិ​របស់​ជន​នោះ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​មុន តើ​បណ្តឹង​នោះ​អាច​បង្អាក់​សាលក្រម​មិន​ឲ្យ​ចូល​ជា​ស្ថាពរ​បាន​ដែរ​ទេ?
ក្នុង​អំឡុង​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ​ហើយ​បើ​មេធាវី​ការពារ​សិទ្ធិ​របស់​ជន​នោះ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​មុន​គឺ​អាច​បង្អាក់​សាលក្រម​នោះ​មិន​ឲ្យ​ចូល​ជា​ស្ថាពរ​បាន​ហើយ​បើ​មេធាវី​ចង់​បង្អាក់​ទៀត​គឺ​គាត់​អាច​ប្តឹង​បន្ត​គ្នា​រហូត​ដល់​តុលាការ​ពីរ​សាលា​ទៀត​ទៅ៕
លោក​មេធាវី ទេព មុនីជាតិ នៅ​ក្នុង​កម្មវិធី​នា​ពេល​កន្លង​មក។ រូបថត ហ្វេសប៊ុក

តើ​សាលក្រម​ ឬ​សាលដីកា​ត្រូវ​អនុវត្ត​នៅ​ពេល​ណា? តើ​សាលក្រម​ ឬ​សាលដីកា​ត្រូវ​អនុវត្ត​នៅ​ពេល​ណា? Reviewed by Unknown on 8:54:00 PM Rating: 5
Powered by Blogger.