តើ​ការ​បន្ធូរ​បន្ថយ​ទោស និង​លើកលែង​ទោស​ត្រូវ​ធ្វើ​នៅ​ពេល​ណា និង​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ?

តើ​ការ​បន្ធូរ​បន្ថយ​ទោស និង​លើកលែង​ទោស​ត្រូវ​ធ្វើ​នៅ​ពេល​ណា និង​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ?

ទណ្ឌិត​ដែល​ជាប់​ក្នុង​ពន្ធនាគារ​តែងតែ​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ជា​រៀងរាល់​ឆ្នាំ​។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ទណ្ឌិត​ទាំង​នោះ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​​ទៅ​តាម​ច្បាប់​កំណត់​ជា​មុន​សិន​ទើប​អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ និង​លើក​លែង​ទោស​នោះ​បាន​។​
ចំពោះ​ការ​អនុវត្ត​នីតិវិធី​នេះ​​អាច​ប្រព្រឹត្ត​ទៅ​បាន​ល្គឹក​ណា​ប្រទេស​មាន​រៀបចំ​ពិធី​បុណ្យ​ជាតិ​ធំៗ​។ ចំពោះ​ដំណើរការ​នេះ​តើ​គោលការណ៍​​បន្ធូរ​បន្ថយ​​ទោស​ និង​លើក​លែង​ទោស​ត្រូវ​ធ្វើ​ទៅ​តាម​លក្ខខណ្ឌ​បែប​ណា​ខ្លះ? ​ហើយ​តើ​បុណ្យ​ជាតិ​ធំ​ៗ​ណា​ខ្លះ​ដែល​ជា​ឱកាស​សម្រាប់​ទណ្ឌិត​ក្នុង​ការ​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោស​ និង​លើកលែង​ទោស​នេះ​?
ដើម្បី​បាន​ជ្រាប​ពី​ដំណើរការ​​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី​ ពិន វណ្ណៈ ​​មាន​អត្តលេខ​ ៦៤៨ ​ជា​សមាជិក​ការិយាល័យ​មេធាវី​ខេអិន​ការិយាល័យ​ពិគ្រោះ​ច្បាប់​ (KNLegalConsulting​) ​ដែល​មាន​​អាសយដ្ឋាន ផ្ទះ​លេខ​ ៦៣ ក្រុម​ ២ ​ភូមិ​បុរី​ ១០០ ​ខ្នង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖
តើ​បុណ្យ​​ជាតិ​សំខាន់ៗ​ណា​ខ្លះ​ដែល​ទណ្ឌិត​ត្រូវ​បាន​ទទួល​គោលការណ៍​បន្ធូរ​បន្ថយ​ទោស​​ និង​លើក​លែង​ទោស ?
បច្ចុប្បន្ន​នេះ​ទណ្ឌិត​ត្រូវ​បាន​ទទួល​គោលការណ៍​​បន្ធូរ​បន្ថយ​ទោស​ និង​​លើក​លែង​ទោស​នៅ​ក្នុង​​ឱកាស​បុណ្យ​ជាតិ​ធំៗ​ចំនួន​ ៣ ​ដែល​មាន​ដូចជា ទី​ ១-បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ទី ២-បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ និង​ទី​​ ៣-បុណ្យ​តាំង​តុ​អុំទូក​អក​​អំបុក​ និង​​សំពះ​ព្រះ​ខែ។
តើ​ត្រូវ​មាន​​លក្ខខណ្ឌ​អ្វី​ខ្លះ​ដែល​ទណ្ឌិត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ធូរ​បន្ថយ​ទោស និង​លើក​លែង​ទោស​?
ចម្លើយ៖ តាម​មាត្រា​ ១,២ ​និង​ ៣ ​នៃ​ក្រឹត្យ​លេខ​ ២៨ ក្រ ចុះ​ថ្ងៃ​ទី​ ២០​ ខែ​មិថុនា​ ឆ្នាំ​ ១៩៨៨ ដើម្បី​ទទួល​បាន​នូវ​ការ​បន្ធូរ​បន្ថយ​ទោស​លើក​​លែង​ទោស​​គឺ​ទណ្ឌិត​ត្រូវ​បំពេញ​លក្ខខណ្ឌ​ធំៗ​ចំនួន​ ២​ ​យ៉ាង​សិន​ដូចជា ៖
-លក្ខខណ្ឌ​ទី​ ១-ទាក់ទង​នឹង​កិរិយា​មាយាទ : លុះត្រា​តែ​ទណ្ឌិត​នោះ​ចេះ​ភ្ញាក់​រឭក​ខិតខំ​លត់ដំ​កែប្រែ​ខ្លួន​បាន​ល្អ​ និង​បង្ហាញ​ឲ្យ​​ឃើញ​ថា​ខ្លួន​មាន​គំនិត​មាយាទ​ល្អ​ក្នុង​រយៈពេល​ជាប់​ឃុំ​ និង​មាន​សម្បទា​ដែល​អាច​បញ្ចូល​​ខ្លួន​ទៅ​ក្នុង​សង្គម​វិញ​បាន​។
-លក្ខខណ្ឌ​ទី​ ២-ទាក់ទង​នឹង​ថិរវេលា​នៃ​ទោស​ដែល​ទទួល​បាន​រួច​ហើយ​ចំពោះ ៖
ក/​ករណី​លើក​លែង​ទោស​លុះត្រា​តែ​ទណ្ឌិត​ទាំង​នោះ​បាន​​ទទួល​​ទោស​ចំនួន​ពីរ​​ភាគ​បី​ (​២/​៣​) ​នៃ​ទោស​ដាក់​ពន្ធនាគារ​មាន​កំណត់​ ឬ​ទទួល​ទោស​ ១៥ ​ឆ្នាំ​ចំពោះ​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​។
ខ/​ករណី​បន្ធូរបន្ថយ​ទោស​លុះត្រា​តែ​ទណ្ឌិត​ទាំង​នោះ​បាន​ទទួល​ទោស​មួយ​ភាគ​បី​ (​១/​៣​)​ នៃ​ទោស​ដាក់​ពន្ធនាគារ​មាន​កំណត់​ ឬ​ទទួល​​ទោស​ ៧ ​ឆ្នាំ​ចំពោះ​​​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​។
ទណ្ឌិត​​ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ​ខាង​លើ​នេះ​​បាន​​ទើប​ទទួល​បាន​នូវ​ការ​បន្ធូរបន្ថយ​ទោស​ ឬ​លើក​លែង​ទោស​បាន។
តើ​លោក​អាច​ពន្យល់​អំពី​របៀប​នៃ​ការ​បន្ធូរ​បន្ថយ​ទោស​បាន​លើក​​ទី​ ១ ​និង​លើក​ក្រោយៗ​ទៀត​បាន​ឬ​ទេ​?
បាទ​បើ​តាម​មាត្រា​ ៣ ​និង​ ៤ ​នៃ​ក្រឹត្យ​លេខ​ ២៨ ​ក្រ​ចុះ​ថ្ងៃ​ទី​ ២០ ​ខែ​មិថុនា​ឆ្នាំ​ ១៩៨៨ ​រយៈពេល​នៃ​ការ​បន្ធូរ​បន្ថយ​ទោស​បាន​កំណត់​ដូច​ខាង​ក្រោម​៖​
-ចំពោះ​ទោស​ដែល​កំណត់​ចាប់​​ពី​ ១ ​ឆ្នាំ​ដល់​ ១០ ​ឆ្នាំៈ​អាច​នឹង​បន្ថយ​រយៈពេល​ជាប់​ពន្ធនាគារ​បាន​ចំនួន​ ០៦ ​ខែ​ម្តង​ក្នុង​រយៈពេល​មួយ​​ឆ្នាំ​។
-ចំពោះ​ទោស​ដែល​​កំណត់​ចាប់​ពី​ ១០ ​ឆ្នាំ​ដល់​ ១៥ ​ឆ្នាំៈ​អាច​នឹង​បន្ថយ​រយៈ​​ពេល​ជាប់​ពន្ធនាគារ​បាន​ចំនួន​ ០៩ ​ខែ​ម្តង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។
-ចំពោះ​ទោស​ដែល​កំណត់​ចាប់​ពី​ ១៥ ​ឆ្នាំ​ដល់​​ ២០ ​ឆ្នាំៈ​អាច​នឹង​បន្ថយ​រយៈពេល​ជាប់​ពន្ធនាគារ​បាន​ចំនួន​ ១២ ​ខែ​ម្តង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។
ទណ្ឌិត​ម្នាក់​អាច​​ទទួល​ការ​បន្ធូរបន្ថយ​ទោស​ច្រើន​ដង​បាន​តែ​ក្នុង​លក្ខខណ្ឌ​ដែល​ទណ្ឌិត​នោះ​បាន​ទទួល​​​រង​ទោស​ទាំងអស់​បាន​ពាក់​កណ្តាល​នៃ​ទោស​ដែល​តុលាការ​បាន​កំណត់​។
ចុះ​បើ​មាន​ទណ្ឌិត​ណា​ម្នាក់​ជាប់​ពន្ធនាគារ​​មួយ​​ជីវិត​ តើ​គេ​បន្ធូរបន្ថយ​ទោស​គាត់​យ៉ាង​ដូច​ម្តេច​​? ​ហើយ​ពួក​គាត់​អាច​ទទួល​បាន​ការ​បន្ថយ​ទោស​បាន​លើក​ក្រោយៗ​ទៀត​ដោយ​របៀប​ណា​ដែរ​?
បើ​តាម​មាត្រា​ ៣ ​និង​ ៤ ​នៃ​ក្រឹត្យ​លេខៈ​ ២៨ ​ក្រ.​ចុះ​ថ្ងៃ​ទី​ ២០ ​ខែ​មិថុនា​ឆ្នាំ​ ១៩៨៨ ​ដដែល​បាន​កំណត់​ចំពោះ​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​អនុញ្ញាត​អាច​នឹង​បន្ថយ​ទោស​លើក​ទី​ ១ ​មក​ត្រឹម​ ២០ ​ឆ្នាំ​ហើយ​​អាច​បន្ធូរ​បន្ថយ​ទោស​ច្រើន​ដង​ទៀត​បាន​ប៉ុន្តែ​បើ​ទោះ​បី​ជា​ទណ្ឌិត​​នោះ​ត្រូវ​បន្ធូរ​បន្ថយ​ទោស​ច្រើន​ដង​ក៏​ដោយ​ក៏​រយៈពេល​នៃ​ការ​ទទួល​​ទោស​ក្នុង​ពន្ធនាគារ​ទាំងអស់​ត្រូវ​អនុវត្ត​ទោស​ឲ្យ​​បាន​​ ១៥ ​ឆ្នាំ​សិន​ដែរ​។
ចុះ​បើ​មាន​ករណី​ពិសេស​ណា​​មួយ​ដែល​ទណ្ឌិត​មិន​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តាម​លក្ខខណ្ឌ​ដូច​ខាង​លើ​ទេ​​ តើ​អាច​ទទួល​បាន​នូវ​ការ​លើកលែង​ទោស​​ដែរ​ឬ​ទេ​?
ចំពោះ​​ទណ្ឌិត​ដែល​មិន​បាន​អនុវត្ត​ទោស​ដូច​លក្ខខណ្ឌ​ខាង​លើ​ក៏​អាច​ទទួល​បាន​​ការ​លើកលែង​​ទោស​​ដែរ ប៉ុន្តែ​​ក្នុង​ករណី​​នេះ​មិន​សូវ​កើត​មាន​ទេ​ព្រោះ​លក្ខខណ្ឌ​តឹងរ៉ឹង​ពេក​។
ករណី​នេះ​គេ​ឃើញ​មាន​ចែង​ក្នុង​​មាត្រា​ ៧៧ ​នៃ​ច្បាប់​​ស្តី​ពី​ពន្ធនាគារ​ទណ្ឌិត​អាច​លើក​លែង​ទោស​​បាន​ដោយ​មិន​គោរព​នូវ​លក្ខខណ្ឌ​​ខាង​លើ​ក៏​បាន​ដែរ​ ក៏​ប៉ុន្តែ​ទាល់​​តែ​ជា​ករណី​ចាំបាច់​ហើយ​មាន​សំណើ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ និង​អាច​ធ្វើ​បាន​គ្រប់​ពេលវេលា​ដោយ​មិន​​ចាំ​បាច់​រង់ចាំ​ដល់​ពេល​មាន​បុណ្យ​ជាតិ​ធំៗ​ទាំង​បី​ខាង​លើ​នោះ​ទេ​៕
លោក ពិន វណ្ណៈ សមាជិក​ការិយាល័យ​មេធាវី KN។ រូបថត សហការី


តើ​ការ​បន្ធូរ​បន្ថយ​ទោស និង​លើកលែង​ទោស​ត្រូវ​ធ្វើ​នៅ​ពេល​ណា និង​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ? តើ​ការ​បន្ធូរ​បន្ថយ​ទោស និង​លើកលែង​ទោស​ត្រូវ​ធ្វើ​នៅ​ពេល​ណា និង​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ? Reviewed by Unknown on 10:46:00 PM Rating: 5
Powered by Blogger.