ភ័ស្ដុតាង​ជា​អ្វី​ និង​ត្រូវ​ប្រើ​នៅ​ពេល​ណា?

ការ​ជំនុំជម្រះ​​ក្តី​​នៅក្នុង​តុលាការ​ភ័ស្តុតាង​គឺជា​ផ្នែក​មួយ​​ដ៏​សំខាន់​សម្រាប់​ដោះ​​បន្ទុក ​និង​​ដាក់​បន្ទុក​ទាំង​​ដើម​បណ្តឹង​ ទាំង​​ចុង​ចម្លើយ​។​ តើ​ភ័ស្តុតាង​ដែល​ត្រូវ​លើក​មក​បង្ហាញ​ដល់​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​​ក្នុង​អង្គសវនាការ​គឺ​សំដៅ​ទៅ​លើ​អ្វី​ខ្លះ​?​
ដើម្បី​បាន​ជ្រាប​​ពី​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​​សម្ភាស​​ជាមួយ​លោក អ៊ិន បូផា ដែល​លោក​​គឺជា​​ចៅក្រម​​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​​ និង​ក៏​ជា​សាស្រ្តាចារ្យ​នៃ​សាលា​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ផង​ដែរ​ ដែល​​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​នេះ ៖
តើ​ពាក្យ​​ថា​នីតិភ័ស្តុតាង​មាន​ន័យ​ដូចម្ដេច​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ហើយ​​នីតិភ័ស្តុតាង​នេះ​​គេ​ប្រើ​សម្រាប់​ទាក់ទង​នឹង​អ្វី​? ​សូម​លោក​ចៅក្រម​ពន្យល់
ខ្ញុំ​សូម​អធិប្បាយ​តាម​ខ្លឹមសារ​បែប​វិទ្យាសាស្ត្រ​​នៃ​ភ័ស្តុតាង​នៅក្នុង​​សៀវភៅ​នីតិភ័ស្ដុតាង​ដូច​តទៅ៖
១. នៅក្នុង​អត្ថន័យ​​នៃ​​វិទ្យាសាស្ត្រ​នីតិសាស្ត្រ​ភ័ស្តុតាង​​គឺជា​ព្រឹត្តិហេតុ​ ឬ​អង្គហេតុ​ដែល​បាន​កកើត​​ពី​ព្រឹត្តិការណ៍​ណា​មួយ​នៃ​​បទល្មើស​ហើយ​អង្គហេតុ​នេះ​​ត្រូវ​​បាន​​គេ​​កំណត់​នូវ​ទម្រង់​​ជាក់លាក់​នៃ​អំពើ​របស់​​ជនល្មើស​​​ដែល​បាន​ប្រព្រឹត្ត​ជាពិសេស​តុលាការ​រកឃើញ​​នូវ​ស្ថាន​ទាំង​​ឡាយ​នៃ​អំពើ​​ទាំង​នោះ។ ​គេ​ប្រើប្រាស់​ភ័ស្តុតាង​នៅ​ពេល​​ដែល​តុលាការ​​ធ្វើ​សេចក្តី​​សម្រេច​​អំពី​​វិវាទ​នានា​​នៃ​រឿង​ក្តី​។
២. ភ័ស្តុតាង​​មាន​ច្រើន​ប្រភេទ​ដូច​ជា៖ សាក្សី​ វត្ថុតាង ការ​បំភ្លឺ​របស់​ជនរងគ្រោះ​ ការ​បំភ្លឺ​របស់​​ជនល្មើស ការ​ពន្យល់​​របស់​អ្នក​ឯកទេស​សេចក្តី​សន្និដ្ឋាន​​របស់​​អ្នក​ជំនាញ​ ​ឯកសារ​សំណេរ​នានា​ កំណត់​ហេតុ​ជា​ដើម​។​ល។ ​ដែល​​ប្រភេទ​​ភ័ស្តុតាង​ទាំង​នេះ​កើត​មាន​នៅ​ក្នុង​សំណុំ​​រឿង​ក្តី​​ទៅ​តាម​ប្រភេទ​នៃ​បទល្មើស​ ឬ​សំណុំ​រឿង​។
ការ​ប្រើប្រាស់​ប្រភេទ​នៃ​ភ័ស្តុតាង​ទាំង​​នេះ​​គឺ​ក្នុង​ពេល​ដែល​ចៅក្រម​ធ្វើការ​ជំនុំជម្រះ​លើ​អង្គ​សេចក្តី​​នៃ​សំណុំ​រឿង​នានា​នៅក្នុង​តុលាការ​។
៣. មូលហេតុ​ដែល​តម្រូវ​​ឲ្យ​​មាន​ច្បាប់​ភ័ស្តុតាង​​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​បង្កើត​ឲ្យ​​មាន​វិធាន​ជា​​សណ្តាប់​ធ្នាប់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​នៃ​សង្គម​នីមួយៗ​ក្នុង​នោះ​មាន​ដូចជា៖ ការ​ប្រមូល​ ការ​វាយតម្លៃ និង​ការ​ផ្ទៀងផ្ទាត់​ទៅ​លើ​ប្រភេទ​នីមួយៗ​នៃ​​ភ័ស្តុតាង​ដែល​មាន​​នៅ​ក្នុង​សំណុំ​រឿង​របស់​តុលាការ​។​ ច្បាប់​ដែល​ទាក់ទិន​ទៅ​នឹង​វិធាន​ទាំង​នេះ​គេ​បញ្ចូល​ទៅ​ក្នុង​ក្រម​នីតិវិធី​ ឬ​ច្បាប់​នីតិវិធី​ ឬ​ក៏​ច្បាប់​ដោយ​ឡែក​វា​អាស្រ័យ​ទៅ​តាម​ប្រព័ន្ធ​គតិយុត្ត​នៃ​ប្រទេស​នីមួយៗ​ក្នុង​លោក​​។ ​
ប៉ុន្តែ​​វិធាន​ទាំង​នេះ​ច្បាប់​នីតិវិធី​​មិន​បាន​ចែង​គ្រប់​គោលការណ៍​នៃ​ភ័ស្តុតាង​នោះ​ទេ​គឺ​តម្រូវ​ឲ្យ​ចៅក្រម​ ព្រះរាជអាជ្ញា មេធាវី​ និស្សិត​នីតិសាស្ត្រ ឬ​​អ្នក​ស្រាវជ្រាវ​​ សិក្សា​បន្ថែម​ទៅ​​លើ​នីតិភ័ស្តុតាង​ជា​ចាំបាច់​ពីព្រោះ​ថា​ច្បាប់​នីតិវិធី​បញ្ញត្តិ​បាន​តែ​​ទៅ​លើ​វិធាន​នៃ​ការ​ប្រមូល​ភ័ស្តុតាង​​តែ​ប៉ុណ្ណោះ​រីឯ​​ការ​វាយតម្លៃ​ និង​ការ​ផ្ទៀងផ្ទាត់​លើ​ប្រភេទ​នៃ​​ភ័ស្តុតាង​មិន​ត្រូវ​​បាន​​ចែង​ក្បោះក្បាយ​​នោះ​ទេ​ ឬ​ក៏​គ្មាន​ចែង​​ក៏​មាន​ផង​ដែរ​។
តើ​នីតិភ័ស្តុតាង​នេះ​ប្រើ​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​ពេល​ណា​? ​ហើយ​ត្រូវ​ប្រើ​ទាំង​រឿង​រដ្ឋប្បវេណី​ និង​រឿង​ព្រហ្មទណ្ឌ​ដែរ​ឬ​យ៉ាង​ណា ?
ចំពោះ​វិធាន​នៃ​ភ័ស្តុតាង​នេះ​ចៅក្រម​ប្រើប្រាស់​គ្រប់​រឿង​ក្តី​ទាំងអស់​មិន​ថា​ព្រហ្មទណ្ឌ​ ឬ​រដ្ឋប្បវេណី​​នោះ​​ទេ​ចំពោះ​​វិធាន​​នៃ​ការ​​វាយតម្លៃ​​ និង​កា​រផ្ទៀងផ្ទាត់​ប៉ុន្តែ​ខុស​គ្នា​បន្តិច​អំពី​វិធាន​នៃ​ការ​ប្រមូល​ភ័ស្តុតាង​​គឺៈ នៅ​ក្នុង​រឿង​​ក្តី​ព្រហ្មទណ្ឌ សមត្ថកិច្ច​របស់​រដ្ឋ ​(មន្ត្រី​នគរបាល​យុត្តិធម៌​ និង​ព្រះរាជអាជ្ញា​) ​ជា​អ្នក​ប្រមូល​ភ័ស្តុតាង​រីឯ​ក្នុង​​រឿង​ក្តី​រដ្ឋប្បវេណី​វិញ​គឺ​ភាគី​នៃ​វិវាទ​ជា​​អ្នក​​រក​ភ័ស្តុតាង ​(ករណី​ដែល​ចៅក្រម​មិន​ជឿ​នោះ​​ចៅក្រម​ក៏​អាច​​ស្វែងរក​ភ័ស្តុតាង​បាន​ដែរ​គឺ​គោលការណ៍​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​)​។
សរុប​ទៅ​នីតិភ័ស្តុតាង​នេះ​គឺ​មាន​គោលបំណង​ឲ្យ​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា​យល់​ដឹង​​ស៊ីជម្រៅ​​ទៅ​លើ​ «​​ខ្លឹមសារ​នៃ​អង្គហេតុ​» ​ក្នុង​ការ​សម្រេច​សេចក្តី​តែ​មិនមែន​ឲ្យ​ចៅក្រម​សម្រេច​សេចក្តី​ផ្អែក​តាម​អារម្មណ៍​ ឬ​មតិ​យោបល់​របស់​ខ្លួន​ ឬ​របស់​អ្នក​ណា​នោះ​បាន​ឡើយ​។​
ការ​សម្រេច​សេចក្តី​ដោយ​ប្រើប្រាស់​នូវ​​អង្គហេតុ​នេះ​ជា​វិធាន​សច្ចភាព​បំផុត​នៃ​ឯករាជភាព​របស់​តុលាការ​ប៉ុន្តែ​បើ​សមត្ថភាព​របស់​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា​នៅ​មាន​កម្រិត​ក្នុង​ការ​យល់​ដឹង​ទៅ​លើ​ខ្លឹមសារ​នៃ​អង្គហេតុ​នោះ​ការ​ផ្តល់​យុត្តិធម៌​មិន​ទាន់​ស្ថិត​ក្នុង​ស្តង់ដារ​អន្តរជាតិ​បាន​ឡើយ​។
ហេតុអ្វី​បាន​ជា​ច្បាប់​បង្កើត​ឲ្យ​មាន​នីតិភ័ស្តុតាង​នេះ​ឡើង​?
វិធាន​ក្នុង​ការ​សម្រេចក្តី​ដោយ​ប្រើប្រាស់​ភ័ស្តុតាង​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​តាំងពី​ប្រហែល​ ២០០០ ​ឆ្នាំ​មុន​គ្រិស្តសករាជ​មក​ម្ល៉េះ​តាមរយៈ​ច្បាប់​របស់​អធិរាជ​ព្រះនាម​ហាមួរ៉ា​ពី​នៃ​អាណាចក្រ​បាវីឡូន​ដែល​លាត​សន្ធឹង​ពី​ប្រទេស​អេហ្ស៊ីប​ដល់​អ៊ីរ៉ាក់​បច្ចុប្បន្ន​។
ការ​យល់​ដឹង​អំពី​ខ្លឹមសារ​នៃ​អង្គហេតុ​ជា​ប្រភព​នាំ​​ឲ្យ​​មាន​ឯករាជភាព​នៃ​អំណាច​​តុលាការ​ និង​ជា​ប្រភព​ធ្វើឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ដល់​អំណាច​​តុលាការ​ដែល​​យើង​​ហៅ​​ថា​ «​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​»​។​ ការ​ខ្វះខាត​នូវ​ការ​យល់​ដឹង​ចំពោះ​​ខ្លឹមសារ​នៃ​អង្គហេតុ​វា​ជា​ប្រភព​ធ្វើឲ្យ​គោលការណ៍​ឆន្ទានុ​សិទ្ធិ​របស់​ចៅក្រម​ក្លាយ​ជា​ «​ភាព​ទំនើង​ចិត្ត​របស់​ចៅក្រម​ទៅ​វិញ​»​។
ការ​រៀបចំ​ឲ្យ​មាន​វិធាន​ និង​ការ​ផ្ទៀងផ្ទាត់​ទៅ​លើ​ប្រភេទ​នៃ​ភ័ស្តុតាង​នេះ​ឡើង​គឺជា​សម្ភារ​វិទ្យាសាស្រ្ត​នីតិសាស្ត្រ​ដំបូង​បំផុត​​សម្រាប់​ប្រព័ន្ធ​តុលាការ​​កម្ពុជា​ដែល​​ប្រកាន់​យក​គោលការណ៍​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​​ដោយ​​ផ្អែក​លើ​ភ័ស្តុតាង​។ ​
សៀវភៅ​នេះ​ពុំ​​មែន​ជា​ច្បាប់​ទេ​តែ​ជា​វិធាន​បែប​វិទ្យាសាស្ត្រ​​ដែល​មាន​ស្តង់ដារ​ជា​សកល​មួយ​ក្នុង​ការ​វាយតម្លៃ​ទៅ​លើ​ប្រភេទ​នៃ​ភ័ស្តុតាង​នីមួយៗ៕
លោក​សាស្ត្រាចារ្យ អ៊ិន បូផា (អាវ​ស) ក្នុង​កម្មវិធី​កន្លង​មក។ សហការី

ភ័ស្ដុតាង​ជា​អ្វី​ និង​ត្រូវ​ប្រើ​នៅ​ពេល​ណា? ភ័ស្ដុតាង​ជា​អ្វី​ និង​ត្រូវ​ប្រើ​នៅ​ពេល​ណា? Reviewed by Unknown on 10:48:00 PM Rating: 5
Powered by Blogger.