តើ​ច្បាប់​កំណត់​ទោស​ជាប់​ពន្ធនាគារ​នៅ​អាយុ​ប៉ុន្មាន?

នៅក្នុង​​ប្រព័ន្ធ​តុលាការ​ការ​​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​មាន​កំណត់​​អំពី​​អាយុ​របស់​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​​ដោយ​បែងចែក​អាយុ​ចាប់ពី​ ១៤ ​ឆ្នាំ​ឡើង​ និង​អាយុ​នៅ​ក្រោម​ ១៤ ​ឆ្នាំ​។
​ដើម្បី​បាន​ជ្រាប​ថា​តើ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​មាន​ការ​ដាក់​ទោសទណ្ឌ​​ទៅ​លើ​បុគ្គល​ដែល​បែងចែក​អាយុ​ដូច​មាន​រៀបរាប់​ខាង​លើ​​យ៉ាង​ណា​នោះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​លោក​ចៅក្រម អ៊ិន បូផា ដែល​លោក​​គឺជា​​ចៅក្រម​​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​​ និង​ក៏​ជា​សាស្រ្តាចារ្យ​នៃ​សាលា​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ផង​ដែរ​ ដែល​​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​នេះ ៖​
នៅក្នុង​រឿង​ព្រហ្មទណ្ឌ​តើ​មនុស្ស​ចាប់​ពី​​អាយុ​ប៉ុន្មាន​ទើប​ច្បាប់​អាច​​ដាក់​ទណ្ឌកម្ម​ទោស​​នៅក្នុង​ពន្ធនាគារ​បាន​?
នៅក្នុង​ករណី​មនុស្ស​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ក្នុង​រឿង​ព្រហ្មទណ្ឌ​ហើយ​ច្បាប់​ចាត់​ទុក​ថា​មាន​ទោស​នោះ​គឺ​មនុស្ស​​ដែល​មាន​អាយុ​ចាប់​ពី ១៨ ​ឆ្នាំ​ឡើង​ទៅ​គឺ​នឹង​​ត្រូវ​ទទួល​​ខុស​ត្រូវ​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​បាន​ហើយ​។
នៅក្នុង​មាត្រា​ ៣៨ ​នៃ​​ក្រមព្រហ្មទណ្ឌ​ចែង​ថា​នីតិភាព​នៃ​ការ​ទទួល​​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ត្រូវ​បាន​កំណត់​អាយុ​ចាប់​ពី​ ១៨ ​(​ដប់​ប្រាំ​បី​) ​ឆ្នាំ​ឡើង​ទៅ​។
មាត្រា​ ៣៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ​អនីតិជន​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​កម្មវត្ថុ​នៃ​វិធានការ​តាមដាន​វិធានការ​អប់រំ​វិធានការ​ការពារ​ និង​វិធានការ​ឧបត្ថម្ភ​។ ​ប៉ុន្តែ​តុលាការ​អាច​ប្រកាស​ទណ្ឌកម្ម​ទៅ​​លើ​អនីតិជន​អាយុ​ចាប់​ពី​ ១៤ ​ឆ្នាំ​ (​ដប់​បួន​) ឆ្នាំ​ឡើង​ទៅ​ប្រសិន​បើ​កាលៈទេសៈ​នៃ​បទល្មើស​ ឬ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​តម្រូវ​។
ចំពោះ​ក្មេង​ដែល​ជា​អនីតិជន​មាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​តើ​មាន​ទោស​ដែរ​ទេ? ​ហើយ​បើ​មាន​ទោស​អាច​ចាប់​គាត់​ដាក់​ពន្ធនាគារ​បាន​ដែរ​ទេ ?
ក្នុង​ករណី​នេះ​សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​មាត្រា​ច្បាប់​រួច​ហើយ​ដូច​ជា៖
យោង​មាត្រា ៤០ -វិធានការ​តាមដាន វិធានការ​អប់រំ វិធានការ​​ការពារ​ និង​វិធានការ​ឧបត្ថម្ភ​ដូច​ត​ទៅ​៖
១ -ការ​ប្រគល់​អនីតិជន​ឲ្យ​ទៅ​ឪពុក​ម្តាយ​អាណាព្យាបាល​​បុគ្គល​ដែល​ថែរក្សា​អនីតិជន​នោះ​ ឬ​​បុគ្គល​ណា​ផ្សេង​ទៀត​ប្រសិន​បើ​បុគ្គល​នោះ​ស័ក្តិសម​នឹង​ទំនុក​ចិត្ត​។
២ -ការ​ប្រគល់​អនីតិជន​ឲ្យ​ទៅ​សេវា​សាធារណៈ​​បុគ្គល​នេះ​ធ្វើ​របាយការណ៍​ស្តីពី​ភិតិយាមារយាទ​របស់​អនីតិជន​ឲ្យ​បាន​ទៀងទាត់​ដល់​ព្រះរាជអាជ្ញា​។
បុគ្គល​នេះ​​ផ្តល់​ព័ត៌មាន​ដល់​ព្រះរាជអាជ្ញា​អំពី​ព្រឹត្តិការណ៍​​ទាំងអស់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កែប្រែ​នូវ​វិធានការ​នេះ​។
យោងមាត្រា​ ៤៤ ​នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ចែង​ថា​ជន​ណា​ដែល​មាន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​នឹង​ត្រូវ​លើក​លែង​ពី​ការ​ផ្តន្ទាទោស​ចំពោះ​បទល្មើស​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៤២ ​និង​មាត្រា​ ៤៣ ។
ចំពោះ​មាត្រា​ ៤២-ជន​ណា​រួមភេទ​ជាមួយ​ជន​ដទៃ​ដែល​មាន​អាយុ​តិច​ជាង​ ១៥ ​(ដប់ប្រាំ) ឆ្នាំ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​(ប្រាំ) ​ឆ្នាំ​ដល់​ ១០ ​(ដប់) ​ឆ្នាំ។
មាត្រា​ ៤៣- អំពើ​អាស​នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា​ជា​អំពើ​នៃ​ការ​ប៉ះពាល់​ក្នុង​ការ​បង្ហាញ​កេរភេទ​ ឬ​ផ្នែក​ភេទ​ផ្សេង​ទៀត​របស់​ជនដទៃ​ ឬ​ការ​ឲ្យ​ជន​ដទៃ​ប៉ះពាល់​កេរភេទ​ ឬ​ផ្នែក​ភេទ​ផ្សេង​ទៀត​របស់​ជនល្មើស​ខ្លួនឯង​ ឬ​របស់​តតិយជន​ក្នុង​ចេតនា​ធ្វើ​ឲ្យ​រំជួល​ ឬ​រីករាយ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជនល្មើស​។
ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាស​ទៅ​លើ​ជន​ដទៃ​ដែល​មាន​អាយុ​តិច​ជាង​ ១៥ ​(ដប់​ប្រាំ) ​ឆ្នាំ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១ ​(មួយ) ​ឆ្នាំ​ដល់​ ៣ ​(បី) ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២.-០០០.០០០ (ពីរ​លាន) ​រៀល​ដល់​ ៦.០០០.០០០ ​(ប្រាំ​មួយ) លាន​រៀល​។
ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៤២ ​ឬ ​មាត្រា​នេះ​បើ​មិន​រាង​ចាល​ទេ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ទ្វេដង​។
ដូច្នេះ​មាន​ន័យ​ថា​អាយុ​ ១៤ ​ឆ្នាំ​ចុះ​មិន​មាន​ទោស​ជាប់​ពន្ធនាគារ​នោះ​ទេ​ប៉ុន្តែ​ចាប់ពី​អាយុ​ ១៤ ​ឆ្នាំ​ឡើង​តុលាការ​អាច​ប្រកាស​ទោស​បាន​តាម​កាលៈទេសៈ​នៃ​បទល្មើស ឬ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​នោះ​​(មាត្រា​ ៣៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ) ខាង​លើ៕​
លោក អ៊ិន បូផា (កណ្ដាល) សាស្ត្រាចារ្យ​នៃ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ។ រូបថត សហការី


(សូម​រង់ចាំ​អាន​បទសម្ភាស​បញ្ចប់​នៅ​សប្ដាហ៍​ក្រោយ ​)
តើ​ច្បាប់​កំណត់​ទោស​ជាប់​ពន្ធនាគារ​នៅ​អាយុ​ប៉ុន្មាន? តើ​ច្បាប់​កំណត់​ទោស​ជាប់​ពន្ធនាគារ​នៅ​អាយុ​ប៉ុន្មាន? Reviewed by Unknown on 10:49:00 PM Rating: 5
Powered by Blogger.