តើអ្វីទៅជាបណ្តឹងមោឃភាពនីតិវិធី?
តាមច្បាប់នៅក្នុងប្រព័ន្ធតុលាការមានបណ្តឹងមួយដែលច្បាប់ហៅថាបណ្តឹងមោឃភាពនីតិវិធី។ តើបណ្តឹងនេះធ្វើឡើងដើម្បីផលប្រយោជន៍អ្វីដល់ជនត្រូវចោទឬជនជាប់ចោទ?
ដើម្បីស្វែងយល់ជុំវិញបណ្តឹងមោឃភាពនេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ឡោគីមហ្គេច នៃក្រុមមេធាវីអាស៊ានអន្តរជាតិដែលមានអាសយដ្ឋានផ្ទះលេខ ១៦R,ផ្លូវ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម៖
តើមោឃភាពនីតិវិធីធ្វើដើម្បីប្រយោជន៍អ្វីដល់ជនជាប់ចោទ ឬជនត្រូវចោទ?
មោឃភាពនីតិវិធីធ្វើឡើងដើម្បីផលប្រយោជន៍ដល់ជនជាប់ចោទ ឬជនត្រូវចោទដូចជាប្តឹងមោឃភាពនីតិវិធី។ ឧទាហរណ៍ដូចជានៅដំណាក់កាលចៅក្រមស៊ើបសួរហើយចៅក្រមស៊ើបសួរនោះលោកបានអនុវត្តតាមនីតិវិធីដូចជាតម្រូវឲ្យជនត្រូវចោទអនុវត្តឃុំខ្លួនបណ្តោះអាសន្ន ៦ ខែមុនត្រូវឲ្យឡើងជម្រះ។ ប៉ុន្តែដល់ពេលនោះរឿងក្តីជនត្រូវចោទមិនបានរុញទៅចៅក្រមជម្រះករណីនេះត្រូវគេប្តឹងហើយ។
ឧទាហរណ៍មួយទៀតជារឿងមជ្ឈិមដែលសំណុំរឿងនេះចៅក្រមលោកស៊ើបសួរហើយដល់ពេលបើកសវនាការជំនុំជម្រះមានវត្តមានចៅក្រមរូបដដែលនោះទៀតអ៊ីចឹងចៅក្រមនោះគេហៅថា (វិសមត្ថភាព) ហើយបើដូច្នេះមេធាវីរបស់ជនត្រូវចោទនោះគាត់ប្តឹងមោឃភាពនីតិវិធីហើយ។ ព្រោះថាជនត្រូវចោទ ឬជនជាប់ចោទត្រូវចៅក្រមឈ្មោះ (ក) ជាចៅក្រមស៊ើបអង្កេតលុះដល់បើកសវនាការជំនុំជម្រះមានវត្តមានចៅក្រមដដែលនោះគឺបានន័យថា (វិសមត្ថភាពវាខុសច្បាប់ហើយ)។ ពោលគឺអ្វីដែលចៅក្រមអនុវត្តទៅខុសច្បាប់គឺមេធាវីប្តឹងមោឃភាព។
ឧទាហរណ៍ទៀតថាចៅក្រមត្រូវជាបងប្អូននឹងដើមបណ្តឹងរដ្ឋប្បវេណី ឬមួយជាបងប្អូនជាមួយជនត្រូវចោទ ឬចៅក្រមនោះគាត់ត្រូវរ៉ូវជាមួយដើមបណ្តឹងរដ្ឋប្បវេណីដោយពួកគាត់ត្រូវគេឃើញអង្គុយហូបគុយទាវជាមួយគ្នា។ បែបនេះក៏គេអាចប្តឹងមោឃភាពនីតិវិធីបានដែរ។
ឧបមាថាគ្រួសារជនជាប់ចោទជួលមេធាវីម្នាក់ហើយមេធាវីនោះទៅត្រូវរ៉ូវជាមួយចៅក្រមតើគេអាចប្តឹងមោឃភាពនីតិវិធីបានដែរទេ?
រឿងនេះគេប្តឹងបានប៉ុន្តែគេមិនមែនហៅថាបណ្តឹងមោឃភាពទេគេហៅថាបណ្តឹងដិតចិត្តចៅក្រម។ បើក្នុងសំណុំរឿងមួយលោកចៅក្រមរូបនោះគាត់ដើរតួជាចៅក្រមស៊ើបផងចៅក្រមជម្រះផងហើយយើងមិនសុខចិត្តហើយប្តឹងគឺគេហៅថាបណ្តឹងមោឃភាពបាន។
តើបណ្តឹងមោឃភាពនីតិវិធីគេប្តឹងនៅពេលណា? ហើយក្រោយមានបណ្តឹងមោឃភាពនីតិវិធីនេះតើមានកំណត់រយៈពេលដែរទេ?
បណ្តឹងនេះគេប្តឹងបាននៅពេលណាដែលមេធាវីរកឃើញភាពមិនប្រក្រតីណាមួយរបស់កូនក្តីនៅក្នុងតុលាការ។ ក្រោយពីតុលាការទទួលបណ្តឹងមោឃភាពនីតិវិធីរបស់មេធាវីហើយគឺមិនមានកំណត់ថារយៈពេលប៉ុន្មានខែត្រូវដំណើរការជំនុំជម្រះទេប៉ុន្តែតុលាការនឹងអនុវត្តឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕
លោក មេធាវី ឡោ គីមហ្គេច នៃក្រុមមេធាវីអាស៊ានអន្តរជាតិ។ រូបថត សហការី
តើអ្វីទៅជាបណ្តឹងមោឃភាពនីតិវិធី?
Reviewed by Unknown
on
8:51:00 PM
Rating: