តើសាលក្រម ឬសាលដីកាត្រូវអនុវត្តនៅពេលណា?
តាមច្បាប់នៅក្នុងប្រព័ន្ធតុលាការជនជាប់ចោទត្រូវបានកំណត់ថាមានសាលក្រម ឬសាលដីកាស្ថាពរទៅបានលុះណាតែគ្មានការប្ដឹងទាស់រយៈពេល ១ ខែបន្ទាប់ពីតុលាការប្រកាសសាលក្រម ឬសាលដីកានោះ។
ប៉ុន្តែដើម្បីរារាំងសាលក្រម ឬសាលដីកានោះមិនឲ្យចូលជាស្ថាពរបានតាមនីតិវិធីច្បាប់ជនជាប់ចោទត្រូវប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឬតុលាការកំពូលបន្តទៀត។ ចំពោះសាលក្រម ឬសាលដីកាដែលបានចូលជាស្ថាពរហើយនោះ តើជនជាប់ចោទអាចត្រូវចាប់ខ្លួនឬយ៉ាងណា?
ដើម្បីចង់ដឹងថាតើនីតិវិធីច្បាប់យ៉ាងណានោះភ្នំពេញប៉ុស្តិ៍បានសម្ភាសលោកមេធាវី ទេព មុនីជាតិ ប្រធានក្លិបមេធាវីព្រះខ័នទេពដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថាជនម្នាក់ត្រូវបានតុលាការដាក់ទោស ៦ ខែដោយកំបាំងមុខសួរថាតើតុលាការអាចចេញដីកាឃុំខ្លួនឬចាប់ខ្លួនជននោះបានទេ?
ករណីដែលថាជនម្នាក់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែសួរថាតើតុលាការអាចចាប់ជននោះបានឬទេ? ជាគោលការណ៍ច្បាប់ចែងថាប្រសិនបើសាលក្រម ឬសាលដីកាមិនទាន់ចូលជាស្ថាពរទេគឺតុលាការមិនអាចចាប់ជននោះដាក់ពន្ធនាគារបានភ្លាមៗទេព្រោះតុលាការមិនអាចចេញដីកាចាប់ខ្លួនជននោះមុនសាលក្រម ឬសាលដីកាស្ថាពរបានឡើយ។ នេះជាក្រមនីតិវិធីដែលបានចែងមកច្បាស់អ៊ីចឹង។
និយាយរួមបើទោសរបស់ជននោះនៅកម្រិតក្រោម ១ ឆ្នាំហើយបើសាលក្រម ឬសាលដីកាមិនទាន់ចូលជាស្ថាពរទេតុលាការគ្មានសិទ្ធិចេញដីកាភ្លាមៗចាប់មនុស្សនោះមកដាក់ពន្ធនាគារមុនពេលសាលក្រម ឬសាលដីកាចូលជាស្ថាពរបានទេ។ តែបើសាលក្រម ឬសាលដីកាចូលជាស្ថាពរហើយគឺតុលាការអាចចេញដីកាចាប់ជននោះតាមអំណាចរបស់សាលក្រម ឬសាលដីកាស្ថាពរនោះបាន។
សាលក្រម ឬសាលដីកាស្ថាពរនេះបើគិតពីថ្ងៃប្រកាសមកតើកំណត់រយៈពេលប៉ុន្មានដែរទើបផុតការប្ដឹង?
តាមនីតិវិធីបើសាលក្រម ឬសាលដីកានោះធ្វើឡើងដោយកំបាំងមុខគឺគេគិតចាប់ពីថ្ងៃប្រកាស ឬពេលជូនដំណឹងទៅ។ ដូចជាជូនដំណឹងផ្ទាល់មាត់ជូនដំណឹងតាមរយៈសារព័ត៌មាន ឬ ជូនដំណឹងទៅតាមមធ្យោបាយផ្សេងៗទៀតតាមនីតិវិធីច្បាប់។ ប៉ុន្តែក្រោយពីជូនដំណឹង ១ ខែហើយបើជននោះមិនបានប្តឹងទាស់ទេគឺសាលក្រម ឬសាលដីកានោះចូលជាស្ថាពរហើយ។ បើសិនការកាត់ទោសនៅចំពោះមុខវិញហើយជននោះទុកមិនប្តឹងឧទ្ធរណ៍រហូតដល់ ១ ខែគឺចូលជាស្ថាពរហើយ។
ចុះបើសាលក្រមរបស់ជននោះចូលជាស្ថាពរហើយតើតុលាការអាចចេញដីកាចាប់ខ្លួនជននោះបានទេ?
ការចេញដីកាចាប់ខ្លួនជននោះទោះបីជាប់ទោស ១ ខែ ឬ ២ ខែក៏ដោយជននោះត្រូវតែទទួលអនុវត្តទោសក្នុងពន្ធនាគារសិន។
តាមនីតិវិធីច្បាប់ តើសាលក្រម ឬសាលដីកាចូលជាស្ថាពរប៉ុន្មានខែទើបតុលាការអាចបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនជននោះបាន?
ចំពោះសំណួរសួរថាសាលក្រម ឬសាលដីកាមានអំណាចចាប់ខ្លួនជននោះបាននៅពេលណានោះខ្ញុំសូមជម្រាបថាក្រោយពីសាលក្រមចូលជាស្ថាពរបានតែ ១ ថ្ងៃគឺមានអំណាចហើយ។ តែក៏អាស្រ័យទៅលើចៅក្រមផងដែរថាតើគាត់ចេញដីកាភ្លាម ឬមិនចេញភ្លាមទេពោលគឺក្រោយតែ ១ ថ្ងៃ ឬ ២ ថ្ងៃបើតាមច្បាប់គឺអាចចេញដីកាចាប់ខ្លួនបានហើយ។
ក្នុងអំឡុងសាលក្រមមិនទាន់ចូលជាស្ថាពរចុះបើមេធាវីការពារសិទ្ធិរបស់ជននោះប្តឹងទៅសាលាឧទ្ធរណ៍មុន តើបណ្តឹងនោះអាចបង្អាក់សាលក្រមមិនឲ្យចូលជាស្ថាពរបានដែរទេ?
ក្នុងអំឡុងសាលក្រមមិនទាន់ចូលជាស្ថាពរហើយបើមេធាវីការពារសិទ្ធិរបស់ជននោះប្តឹងទៅសាលាឧទ្ធរណ៍មុនគឺអាចបង្អាក់សាលក្រមនោះមិនឲ្យចូលជាស្ថាពរបានហើយបើមេធាវីចង់បង្អាក់ទៀតគឺគាត់អាចប្តឹងបន្តគ្នារហូតដល់តុលាការពីរសាលាទៀតទៅ៕
លោកមេធាវី ទេព មុនីជាតិ នៅក្នុងកម្មវិធីនាពេលកន្លងមក។ រូបថត ហ្វេសប៊ុក
តើសាលក្រម ឬសាលដីកាត្រូវអនុវត្តនៅពេលណា?
Reviewed by Unknown
on
8:54:00 PM
Rating: