តើការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវធ្វើនៅពេលណា និងមានលក្ខខណ្ឌអ្វីខ្លះ?
តើការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវធ្វើនៅពេលណា និងមានលក្ខខណ្ឌអ្វីខ្លះ?
ទណ្ឌិតដែលជាប់ក្នុងពន្ធនាគារតែងតែទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសជារៀងរាល់ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាទណ្ឌិតទាំងនោះត្រូវអនុវត្តទោសក្នុងពន្ធនាគារឲ្យបានទៅតាមច្បាប់កំណត់ជាមុនសិនទើបអាចទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសនោះបាន។
ចំពោះការអនុវត្តនីតិវិធីនេះអាចប្រព្រឹត្តទៅបានល្គឹកណាប្រទេសមានរៀបចំពិធីបុណ្យជាតិធំៗ។ ចំពោះដំណើរការនេះតើគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសត្រូវធ្វើទៅតាមលក្ខខណ្ឌបែបណាខ្លះ? ហើយតើបុណ្យជាតិធំៗណាខ្លះដែលជាឱកាសសម្រាប់ទណ្ឌិតក្នុងការទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ?
ដើម្បីបានជ្រាបពីដំណើរការនេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ពិន វណ្ណៈ មានអត្តលេខ ៦៤៨ ជាសមាជិកការិយាល័យមេធាវីខេអិនការិយាល័យពិគ្រោះច្បាប់ (KNLegalConsulting) ដែលមានអាសយដ្ឋាន ផ្ទះលេខ ៦៣ ក្រុម ២ ភូមិបុរី ១០០ ខ្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម៖
តើបុណ្យជាតិសំខាន់ៗណាខ្លះដែលទណ្ឌិតត្រូវបានទទួលគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោស ?
បច្ចុប្បន្ននេះទណ្ឌិតត្រូវបានទទួលគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសនៅក្នុងឱកាសបុណ្យជាតិធំៗចំនួន ៣ ដែលមានដូចជា ទី ១-បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ទី ២-បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទី ៣-បុណ្យតាំងតុអុំទូកអកអំបុក និងសំពះព្រះខែ។
តើត្រូវមានលក្ខខណ្ឌអ្វីខ្លះដែលទណ្ឌិតត្រូវបានអនុញ្ញាតឲ្យបន្ធូរបន្ថយទោស និងលើកលែងទោស?
ចម្លើយ៖ តាមមាត្រា ១,២ និង ៣ នៃក្រឹត្យលេខ ២៨ ក្រ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៨៨ ដើម្បីទទួលបាននូវការបន្ធូរបន្ថយទោសលើកលែងទោសគឺទណ្ឌិតត្រូវបំពេញលក្ខខណ្ឌធំៗចំនួន ២ យ៉ាងសិនដូចជា ៖
-លក្ខខណ្ឌទី ១-ទាក់ទងនឹងកិរិយាមាយាទ : លុះត្រាតែទណ្ឌិតនោះចេះភ្ញាក់រឭកខិតខំលត់ដំកែប្រែខ្លួនបានល្អ និងបង្ហាញឲ្យឃើញថាខ្លួនមានគំនិតមាយាទល្អក្នុងរយៈពេលជាប់ឃុំ និងមានសម្បទាដែលអាចបញ្ចូលខ្លួនទៅក្នុងសង្គមវិញបាន។
-លក្ខខណ្ឌទី ២-ទាក់ទងនឹងថិរវេលានៃទោសដែលទទួលបានរួចហើយចំពោះ ៖
ក/ករណីលើកលែងទោសលុះត្រាតែទណ្ឌិតទាំងនោះបានទទួលទោសចំនួនពីរភាគបី (២/៣) នៃទោសដាក់ពន្ធនាគារមានកំណត់ ឬទទួលទោស ១៥ ឆ្នាំចំពោះទោសដាក់ពន្ធនាគារមួយជីវិត។
ខ/ករណីបន្ធូរបន្ថយទោសលុះត្រាតែទណ្ឌិតទាំងនោះបានទទួលទោសមួយភាគបី (១/៣) នៃទោសដាក់ពន្ធនាគារមានកំណត់ ឬទទួលទោស ៧ ឆ្នាំចំពោះទោសដាក់ពន្ធនាគារមួយជីវិត។
ទណ្ឌិតដែលបំពេញគ្រប់លក្ខខណ្ឌខាងលើនេះបានទើបទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសបាន។
តើលោកអាចពន្យល់អំពីរបៀបនៃការបន្ធូរបន្ថយទោសបានលើកទី ១ និងលើកក្រោយៗទៀតបានឬទេ?
បាទបើតាមមាត្រា ៣ និង ៤ នៃក្រឹត្យលេខ ២៨ ក្រចុះថ្ងៃទី ២០ ខែមិថុនាឆ្នាំ ១៩៨៨ រយៈពេលនៃការបន្ធូរបន្ថយទោសបានកំណត់ដូចខាងក្រោម៖
-ចំពោះទោសដែលកំណត់ចាប់ពី ១ ឆ្នាំដល់ ១០ ឆ្នាំៈអាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារបានចំនួន ០៦ ខែម្តងក្នុងរយៈពេលមួយឆ្នាំ។
-ចំពោះទោសដែលកំណត់ចាប់ពី ១០ ឆ្នាំដល់ ១៥ ឆ្នាំៈអាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារបានចំនួន ០៩ ខែម្តងក្នុងរយៈពេលមួយឆ្នាំ។
-ចំពោះទោសដែលកំណត់ចាប់ពី ១៥ ឆ្នាំដល់ ២០ ឆ្នាំៈអាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារបានចំនួន ១២ ខែម្តងក្នុងរយៈពេលមួយឆ្នាំ។
ទណ្ឌិតម្នាក់អាចទទួលការបន្ធូរបន្ថយទោសច្រើនដងបានតែក្នុងលក្ខខណ្ឌដែលទណ្ឌិតនោះបានទទួលរងទោសទាំងអស់បានពាក់កណ្តាលនៃទោសដែលតុលាការបានកំណត់។
ចុះបើមានទណ្ឌិតណាម្នាក់ជាប់ពន្ធនាគារមួយជីវិត តើគេបន្ធូរបន្ថយទោសគាត់យ៉ាងដូចម្តេច? ហើយពួកគាត់អាចទទួលបានការបន្ថយទោសបានលើកក្រោយៗទៀតដោយរបៀបណាដែរ?
បើតាមមាត្រា ៣ និង ៤ នៃក្រឹត្យលេខៈ ២៨ ក្រ.ចុះថ្ងៃទី ២០ ខែមិថុនាឆ្នាំ ១៩៨៨ ដដែលបានកំណត់ចំពោះទោសដាក់ពន្ធនាគារមួយជីវិតអនុញ្ញាតអាចនឹងបន្ថយទោសលើកទី ១ មកត្រឹម ២០ ឆ្នាំហើយអាចបន្ធូរបន្ថយទោសច្រើនដងទៀតបានប៉ុន្តែបើទោះបីជាទណ្ឌិតនោះត្រូវបន្ធូរបន្ថយទោសច្រើនដងក៏ដោយក៏រយៈពេលនៃការទទួលទោសក្នុងពន្ធនាគារទាំងអស់ត្រូវអនុវត្តទោសឲ្យបាន ១៥ ឆ្នាំសិនដែរ។
ចុះបើមានករណីពិសេសណាមួយដែលទណ្ឌិតមិនបានអនុវត្តទោសក្នុងពន្ធនាគារតាមលក្ខខណ្ឌដូចខាងលើទេ តើអាចទទួលបាននូវការលើកលែងទោសដែរឬទេ?
ចំពោះទណ្ឌិតដែលមិនបានអនុវត្តទោសដូចលក្ខខណ្ឌខាងលើក៏អាចទទួលបានការលើកលែងទោសដែរ ប៉ុន្តែក្នុងករណីនេះមិនសូវកើតមានទេព្រោះលក្ខខណ្ឌតឹងរ៉ឹងពេក។
ករណីនេះគេឃើញមានចែងក្នុងមាត្រា ៧៧ នៃច្បាប់ស្តីពីពន្ធនាគារទណ្ឌិតអាចលើកលែងទោសបានដោយមិនគោរពនូវលក្ខខណ្ឌខាងលើក៏បានដែរ ក៏ប៉ុន្តែទាល់តែជាករណីចាំបាច់ហើយមានសំណើពីប្រមុខរាជរដ្ឋាភិបាលថ្វាយទៅព្រះមហាក្សត្រ និងអាចធ្វើបានគ្រប់ពេលវេលាដោយមិនចាំបាច់រង់ចាំដល់ពេលមានបុណ្យជាតិធំៗទាំងបីខាងលើនោះទេ៕
លោក ពិន វណ្ណៈ សមាជិកការិយាល័យមេធាវី KN។ រូបថត សហការី
តើការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវធ្វើនៅពេលណា និងមានលក្ខខណ្ឌអ្វីខ្លះ?
Reviewed by Unknown
on
10:46:00 PM
Rating: