ភ័ស្ដុតាងជាអ្វី និងត្រូវប្រើនៅពេលណា?
ការជំនុំជម្រះក្តីនៅក្នុងតុលាការភ័ស្តុតាងគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ដោះបន្ទុក និងដាក់បន្ទុកទាំងដើមបណ្តឹង ទាំងចុងចម្លើយ។ តើភ័ស្តុតាងដែលត្រូវលើកមកបង្ហាញដល់ចៅក្រមប្រឹក្សាជំនុំជម្រះក្នុងអង្គសវនាការគឺសំដៅទៅលើអ្វីខ្លះ?
ដើម្បីបានជ្រាបពីបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក អ៊ិន បូផា ដែលលោកគឺជាចៅក្រមនៃសាលាដំបូងខេត្តព្រៃវែង និងក៏ជាសាស្រ្តាចារ្យនៃសាលារាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការផងដែរ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖
តើពាក្យថានីតិភ័ស្តុតាងមានន័យដូចម្ដេចនៅក្នុងប្រព័ន្ធតុលាការហើយនីតិភ័ស្តុតាងនេះគេប្រើសម្រាប់ទាក់ទងនឹងអ្វី? សូមលោកចៅក្រមពន្យល់
ខ្ញុំសូមអធិប្បាយតាមខ្លឹមសារបែបវិទ្យាសាស្ត្រនៃភ័ស្តុតាងនៅក្នុងសៀវភៅនីតិភ័ស្ដុតាងដូចតទៅ៖
១. នៅក្នុងអត្ថន័យនៃវិទ្យាសាស្ត្រនីតិសាស្ត្រភ័ស្តុតាងគឺជាព្រឹត្តិហេតុ ឬអង្គហេតុដែលបានកកើតពីព្រឹត្តិការណ៍ណាមួយនៃបទល្មើសហើយអង្គហេតុនេះត្រូវបានគេកំណត់នូវទម្រង់ជាក់លាក់នៃអំពើរបស់ជនល្មើសដែលបានប្រព្រឹត្តជាពិសេសតុលាការរកឃើញនូវស្ថានទាំងឡាយនៃអំពើទាំងនោះ។ គេប្រើប្រាស់ភ័ស្តុតាងនៅពេលដែលតុលាការធ្វើសេចក្តីសម្រេចអំពីវិវាទនានានៃរឿងក្តី។
២. ភ័ស្តុតាងមានច្រើនប្រភេទដូចជា៖ សាក្សី វត្ថុតាង ការបំភ្លឺរបស់ជនរងគ្រោះ ការបំភ្លឺរបស់ជនល្មើស ការពន្យល់របស់អ្នកឯកទេសសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញ ឯកសារសំណេរនានា កំណត់ហេតុជាដើម។ល។ ដែលប្រភេទភ័ស្តុតាងទាំងនេះកើតមាននៅក្នុងសំណុំរឿងក្តីទៅតាមប្រភេទនៃបទល្មើស ឬសំណុំរឿង។
ការប្រើប្រាស់ប្រភេទនៃភ័ស្តុតាងទាំងនេះគឺក្នុងពេលដែលចៅក្រមធ្វើការជំនុំជម្រះលើអង្គសេចក្តីនៃសំណុំរឿងនានានៅក្នុងតុលាការ។
៣. មូលហេតុដែលតម្រូវឲ្យមានច្បាប់ភ័ស្តុតាងនេះឡើងគឺក្នុងគោលបំណងបង្កើតឲ្យមានវិធានជាសណ្តាប់ធ្នាប់សម្រាប់ប្រព័ន្ធយុត្តិធម៌នៃសង្គមនីមួយៗក្នុងនោះមានដូចជា៖ ការប្រមូល ការវាយតម្លៃ និងការផ្ទៀងផ្ទាត់ទៅលើប្រភេទនីមួយៗនៃភ័ស្តុតាងដែលមាននៅក្នុងសំណុំរឿងរបស់តុលាការ។ ច្បាប់ដែលទាក់ទិនទៅនឹងវិធានទាំងនេះគេបញ្ចូលទៅក្នុងក្រមនីតិវិធី ឬច្បាប់នីតិវិធី ឬក៏ច្បាប់ដោយឡែកវាអាស្រ័យទៅតាមប្រព័ន្ធគតិយុត្តនៃប្រទេសនីមួយៗក្នុងលោក។
ប៉ុន្តែវិធានទាំងនេះច្បាប់នីតិវិធីមិនបានចែងគ្រប់គោលការណ៍នៃភ័ស្តុតាងនោះទេគឺតម្រូវឲ្យចៅក្រម ព្រះរាជអាជ្ញា មេធាវី និស្សិតនីតិសាស្ត្រ ឬអ្នកស្រាវជ្រាវ សិក្សាបន្ថែមទៅលើនីតិភ័ស្តុតាងជាចាំបាច់ពីព្រោះថាច្បាប់នីតិវិធីបញ្ញត្តិបានតែទៅលើវិធាននៃការប្រមូលភ័ស្តុតាងតែប៉ុណ្ណោះរីឯការវាយតម្លៃ និងការផ្ទៀងផ្ទាត់លើប្រភេទនៃភ័ស្តុតាងមិនត្រូវបានចែងក្បោះក្បាយនោះទេ ឬក៏គ្មានចែងក៏មានផងដែរ។
តើនីតិភ័ស្តុតាងនេះប្រើក្នុងប្រព័ន្ធតុលាការនៅពេលណា? ហើយត្រូវប្រើទាំងរឿងរដ្ឋប្បវេណី និងរឿងព្រហ្មទណ្ឌដែរឬយ៉ាងណា ?
ចំពោះវិធាននៃភ័ស្តុតាងនេះចៅក្រមប្រើប្រាស់គ្រប់រឿងក្តីទាំងអស់មិនថាព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីនោះទេចំពោះវិធាននៃការវាយតម្លៃ និងការផ្ទៀងផ្ទាត់ប៉ុន្តែខុសគ្នាបន្តិចអំពីវិធាននៃការប្រមូលភ័ស្តុតាងគឺៈ នៅក្នុងរឿងក្តីព្រហ្មទណ្ឌ សមត្ថកិច្ចរបស់រដ្ឋ (មន្ត្រីនគរបាលយុត្តិធម៌ និងព្រះរាជអាជ្ញា) ជាអ្នកប្រមូលភ័ស្តុតាងរីឯក្នុងរឿងក្តីរដ្ឋប្បវេណីវិញគឺភាគីនៃវិវាទជាអ្នករកភ័ស្តុតាង (ករណីដែលចៅក្រមមិនជឿនោះចៅក្រមក៏អាចស្វែងរកភ័ស្តុតាងបានដែរគឺគោលការណ៍ឆន្ទានុសិទ្ធិរបស់ចៅក្រម)។
សរុបទៅនីតិភ័ស្តុតាងនេះគឺមានគោលបំណងឲ្យចៅក្រម ឬព្រះរាជអាជ្ញាយល់ដឹងស៊ីជម្រៅទៅលើ «ខ្លឹមសារនៃអង្គហេតុ» ក្នុងការសម្រេចសេចក្តីតែមិនមែនឲ្យចៅក្រមសម្រេចសេចក្តីផ្អែកតាមអារម្មណ៍ ឬមតិយោបល់របស់ខ្លួន ឬរបស់អ្នកណានោះបានឡើយ។
ការសម្រេចសេចក្តីដោយប្រើប្រាស់នូវអង្គហេតុនេះជាវិធានសច្ចភាពបំផុតនៃឯករាជភាពរបស់តុលាការប៉ុន្តែបើសមត្ថភាពរបស់ចៅក្រម ឬព្រះរាជអាជ្ញានៅមានកម្រិតក្នុងការយល់ដឹងទៅលើខ្លឹមសារនៃអង្គហេតុនោះការផ្តល់យុត្តិធម៌មិនទាន់ស្ថិតក្នុងស្តង់ដារអន្តរជាតិបានឡើយ។
ហេតុអ្វីបានជាច្បាប់បង្កើតឲ្យមាននីតិភ័ស្តុតាងនេះឡើង?
វិធានក្នុងការសម្រេចក្តីដោយប្រើប្រាស់ភ័ស្តុតាងនេះត្រូវបានគេប្រើប្រាស់តាំងពីប្រហែល ២០០០ ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះតាមរយៈច្បាប់របស់អធិរាជព្រះនាមហាមួរ៉ាពីនៃអាណាចក្របាវីឡូនដែលលាតសន្ធឹងពីប្រទេសអេហ្ស៊ីបដល់អ៊ីរ៉ាក់បច្ចុប្បន្ន។
ការយល់ដឹងអំពីខ្លឹមសារនៃអង្គហេតុជាប្រភពនាំឲ្យមានឯករាជភាពនៃអំណាចតុលាការ និងជាប្រភពធ្វើឲ្យមានការជឿទុកចិត្តដល់អំណាចតុលាការដែលយើងហៅថា «ឆន្ទានុសិទ្ធិរបស់ចៅក្រម»។ ការខ្វះខាតនូវការយល់ដឹងចំពោះខ្លឹមសារនៃអង្គហេតុវាជាប្រភពធ្វើឲ្យគោលការណ៍ឆន្ទានុសិទ្ធិរបស់ចៅក្រមក្លាយជា «ភាពទំនើងចិត្តរបស់ចៅក្រមទៅវិញ»។
ការរៀបចំឲ្យមានវិធាន និងការផ្ទៀងផ្ទាត់ទៅលើប្រភេទនៃភ័ស្តុតាងនេះឡើងគឺជាសម្ភារវិទ្យាសាស្រ្តនីតិសាស្ត្រដំបូងបំផុតសម្រាប់ប្រព័ន្ធតុលាការកម្ពុជាដែលប្រកាន់យកគោលការណ៍ក្នុងការធ្វើសេចក្តីសម្រេចដោយផ្អែកលើភ័ស្តុតាង។
សៀវភៅនេះពុំមែនជាច្បាប់ទេតែជាវិធានបែបវិទ្យាសាស្ត្រដែលមានស្តង់ដារជាសកលមួយក្នុងការវាយតម្លៃទៅលើប្រភេទនៃភ័ស្តុតាងនីមួយៗ៕
លោកសាស្ត្រាចារ្យ អ៊ិន បូផា (អាវស) ក្នុងកម្មវិធីកន្លងមក។ សហការី
ភ័ស្ដុតាងជាអ្វី និងត្រូវប្រើនៅពេលណា?
Reviewed by Unknown
on
10:48:00 PM
Rating: