តើច្បាប់កំណត់ទោសជាប់ពន្ធនាគារនៅអាយុប៉ុន្មាន?
នៅក្នុងប្រព័ន្ធតុលាការការផ្តន្ទាទោសទៅតាមច្បាប់មានកំណត់អំពីអាយុរបស់ជនដែលប្រព្រឹត្តបទល្មើសដោយបែងចែកអាយុចាប់ពី ១៤ ឆ្នាំឡើង និងអាយុនៅក្រោម ១៤ ឆ្នាំ។
ដើម្បីបានជ្រាបថាតើនៅក្នុងប្រព័ន្ធតុលាការមានការដាក់ទោសទណ្ឌទៅលើបុគ្គលដែលបែងចែកអាយុដូចមានរៀបរាប់ខាងលើយ៉ាងណានោះភ្នំពេញប៉ុស្តិ៍បានសម្ភាសលោកចៅក្រម អ៊ិន បូផា ដែលលោកគឺជាចៅក្រមនៃសាលាដំបូងខេត្តព្រៃវែង និងក៏ជាសាស្រ្តាចារ្យនៃសាលារាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការផងដែរ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖
នៅក្នុងរឿងព្រហ្មទណ្ឌតើមនុស្សចាប់ពីអាយុប៉ុន្មានទើបច្បាប់អាចដាក់ទណ្ឌកម្មទោសនៅក្នុងពន្ធនាគារបាន?
នៅក្នុងករណីមនុស្សដែលប្រព្រឹត្តល្មើសច្បាប់ក្នុងរឿងព្រហ្មទណ្ឌហើយច្បាប់ចាត់ទុកថាមានទោសនោះគឺមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅគឺនឹងត្រូវទទួលខុសត្រូវនៅក្នុងរឿងព្រហ្មទណ្ឌបានហើយ។
នៅក្នុងមាត្រា ៣៨ នៃក្រមព្រហ្មទណ្ឌចែងថានីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ។
មាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌអនីតិជនដែលប្រព្រឹត្តបទល្មើសជាកម្មវត្ថុនៃវិធានការតាមដានវិធានការអប់រំវិធានការការពារ និងវិធានការឧបត្ថម្ភ។ ប៉ុន្តែតុលាការអាចប្រកាសទណ្ឌកម្មទៅលើអនីតិជនអាយុចាប់ពី ១៤ ឆ្នាំ (ដប់បួន) ឆ្នាំឡើងទៅប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ។
ចំពោះក្មេងដែលជាអនីតិជនមានអាយុក្រោម ១៤ ឆ្នាំតើមានទោសដែរទេ? ហើយបើមានទោសអាចចាប់គាត់ដាក់ពន្ធនាគារបានដែរទេ ?
ក្នុងករណីនេះសុទ្ធតែមានចែងនៅក្នុងមាត្រាច្បាប់រួចហើយដូចជា៖
យោងមាត្រា ៤០ -វិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភដូចតទៅ៖
១ -ការប្រគល់អនីតិជនឲ្យទៅឪពុកម្តាយអាណាព្យាបាលបុគ្គលដែលថែរក្សាអនីតិជននោះ ឬបុគ្គលណាផ្សេងទៀតប្រសិនបើបុគ្គលនោះស័ក្តិសមនឹងទំនុកចិត្ត។
២ -ការប្រគល់អនីតិជនឲ្យទៅសេវាសាធារណៈបុគ្គលនេះធ្វើរបាយការណ៍ស្តីពីភិតិយាមារយាទរបស់អនីតិជនឲ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញា។
បុគ្គលនេះផ្តល់ព័ត៌មានដល់ព្រះរាជអាជ្ញាអំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឲ្យមានការកែប្រែនូវវិធានការនេះ។
យោងមាត្រា ៤៤ នៃច្បាប់ស្តីពីការប្រឆាំងអំពើជួញដូរមនុស្សចែងថាជនណាដែលមានអាយុក្រោម ១៥ ឆ្នាំនឹងត្រូវលើកលែងពីការផ្តន្ទាទោសចំពោះបទល្មើសដូចមានចែងក្នុងមាត្រា ៤២ និងមាត្រា ៤៣ ។
ចំពោះមាត្រា ៤២-ជនណារួមភេទជាមួយជនដទៃដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំដល់ ១០ (ដប់) ឆ្នាំ។
មាត្រា ៤៣- អំពើអាសនៅក្នុងច្បាប់នេះមានន័យថាជាអំពើនៃការប៉ះពាល់ក្នុងការបង្ហាញកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬការឲ្យជនដទៃប៉ះពាល់កេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬរបស់តតិយជនក្នុងចេតនាធ្វើឲ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។
ជនណាដែលប្រព្រឹត្តអំពើអាសទៅលើជនដទៃដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១ (មួយ) ឆ្នាំដល់ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.-០០០.០០០ (ពីរលាន) រៀលដល់ ៦.០០០.០០០ (ប្រាំមួយ) លានរៀល។
ជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា ៤២ ឬ មាត្រានេះបើមិនរាងចាលទេត្រូវផ្តន្ទាទោសដាក់ពន្ធនាគារទ្វេដង។
ដូច្នេះមានន័យថាអាយុ ១៤ ឆ្នាំចុះមិនមានទោសជាប់ពន្ធនាគារនោះទេប៉ុន្តែចាប់ពីអាយុ ១៤ ឆ្នាំឡើងតុលាការអាចប្រកាសទោសបានតាមកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជននោះ(មាត្រា ៣៨ នៃក្រមព្រហ្មទណ្ឌ) ខាងលើ៕
លោក អ៊ិន បូផា (កណ្ដាល) សាស្ត្រាចារ្យនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។ រូបថត សហការី
(សូមរង់ចាំអានបទសម្ភាសបញ្ចប់នៅសប្ដាហ៍ក្រោយ )
តើច្បាប់កំណត់ទោសជាប់ពន្ធនាគារនៅអាយុប៉ុន្មាន?
Reviewed by Unknown
on
10:49:00 PM
Rating: